วันศุกร์ที่ 30 สิงหาคม พ.ศ. 2556

តើប៉ុល ពត ជានរណា?


ប៉ុល ពត គឺជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​តំណែង​ខ្ពស់​បំផុត​នៅក្នុង​បក្ស និង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ថា​ជា​ របប​ខ្មែរក្រហមរបប​ប៉ុល​ពត។ ប៉ុល ពត គឺ​ជា​មនុស្ស​ដ៏​អាថ៌កំបាំង​ម្នាក់ ដែល​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​គាត់ រស់​ក្នុង​ការ​លាក់​កំបាំង។ សូម្បីតែ​ឈ្មោះ និង​ថ្ងៃខែឆ្នាំ​កំណើត​ក៏​ប៉ុល ពត បាន​ផ្លាស់ប្តូរ​ដែរ។
ប៉ុល ពត តាមពិត​មាន​ឈ្មោះដើម​ថា សាឡុត ស កើតនៅ​ភូមិ​ព្រែកស្បូវ ក្នុង​ខេត្ត​កំពង់ធំ។ គេដឹង​ថា ប៉ុល ពត ​ស្លាប់ នៅ​ថ្ងៃទី១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ក៏ប៉ុន្តែ ប៉ុល ពត កើត​នៅ​ថ្ងៃណា ខែណា ឆ្នាំណា នៅតែ​ជា​បញ្ហា​មិន​ច្បាស់លាស់​ដដែល។ យោងតាម​វិទ្យុជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​ផ្សាយ​នៅ​ឆ្នាំ​១៩៧៧ ប៉ុល ពត កើត​នៅ​ឆ្នាំ១៩២៥។ ក៏ប៉ុន្តែ យោងតាម​ឯកសារ​ជាច្រើន ដែល​អាណាព្យាបាល​បារាំង​បាន​តម្កល់​ទុក​នៅ​ឆ្នាំ​១៩៥០ ប៉ុល ពត ឬ​សាឡុត ស កើត​នៅ​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​១៩២៨។ ឯ​ប៉ុល ពត ខ្លួនឯង​បាន​អះអាង ថ្ងៃខែឆ្នាំ​កំណើត​ពិត​របស់​គាត់ គឺ​ខែ​មករា ឆ្នាំ​១៩២៥ ប៉ុន្តែ បាន​បន្ថយ​អាយុ​៣ឆ្នាំ ដោយ​ចុះ​ក្នុង​បញ្ជីជាតិ​ថា​កើត​នៅ​ឆ្នាំ​១៩២៨​វិញ។

សាឡុត ស កើត​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ស្តុកស្តម្ភ​មួយ​នៅ​ខេត្ត​កំពង់ធំ។ ឪពុក​របស់ សាឡុត ស ឈ្មោះ ប៉ែន សាឡុត ម្តាយ​ឈ្មោះ សុក ណែម។ សាឡុត ស មាន​បងប្អូន​ទាំងអស់​៩នាក់ ក្នុងនោះ​ប្រុស​៧នាក់ និង​ស្រី​២នាក់។ សាឡុត ស គឺជា​កូន​ទី៨។
យោងតាម​លោក David Chandler គ្រួសារ​របស់ សាឡុត ស មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះបរមរាជវាំង។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ បងស្រី​ជីដូនមួយ​ម្នាក់​របស់ សាឡុត ស ឈ្មោះ មាឃ គឺ​ជា​អ្នក​រាំ​របាំ​ព្រះរាជទ្រព្យ​ប្រចាំ​ព្រះបរមរាជវាំង។ ក្រោយមក មាឃ ក៏​បាន​ក្លាយជា​ស្នំឯក​របស់ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនីវង្ស ហើយ​ទទួល​បាន​តំណែង​ជា ឃុន​ព្រះម្នាង ដែល​មាន​អំណាច​ត្រួត​លើ​ស្រី​ទាំងអស់​នៅក្នុង​វាំង។
បងប្រុស​ច្បង​របស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏​ជា​បុគ្គលិក​ម្នាក់​បម្រើការ​នៅក្នុង​ការិយាល័យ​ពិធីការ​នៃ​ព្រះបរមរាជវាំង​ដែរ។ មិនយូរ​ប៉ុន្មាន​ក្រោយមក ប្អូនស្រី​របស់ សាឡុត ស ឈ្មោះ សារឿន ក៏បាន​ចូល​មក​បម្រើការ​ក្នុង​ក្រុម​របាំ​ព្រះរាជទ្រព្យ ហើយ​បាន​ក្លាយ​ជា​ស្នំឯក​របស់​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែរ។
នៅឆ្នាំ១៩៣៤ សាឡុត ស ដែល​កាលនោះ​មាន​អាយុ​៦ឆ្នាំ​ (បើ​គិតតាម​ថ្ងៃខែឆ្នាំ​កំណើត​ដែល​បាន​ចុះ​ក្នុង​បញ្ជីជាតិ) និង​បងប្រុស​ម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបាន​គ្រួសារ​បញ្ជូន​ពី​កំពង់ធំ​ឲ្យ​មក​រស់នៅ​ភ្នំពេញ​ជាមួយ មាឃ និង សួង ដែល​ជា​បង។ មិនយូរ​ប៉ុន្មាន​ក្រោយពី​មកដល់​ភ្នំពេញ សាឡុត ស ក៏បាន​ទៅ​បួស​រៀន​ធម៌ និង​ភាសា​ខ្មែរ​នៅ​វត្ត​បុទមវត្តី ដែល​ស្ថិតនៅ​ជាប់​នឹង​ព្រះបរមរាជវាំង។ គួរបញ្ជាក់ថា​ នៅពេលនោះ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ហើយ​នៅតាម​សាលារៀន​របស់​រដ្ឋ គេ​តម្រូវ​ឲ្យ​រៀន​ជា​ភាសា​បារាំង។
នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​បរទេស ពេល កំពុង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ប៉ុល ពត​បាន​រៀបរាប់​យ៉ាង​ដូចនេះ​ថា៖ ខ្ញុំ​ជា​កូនចៅ​របស់​កសិករ​ម្នាក់។ ពីតូច ធ្លាប់​រួមរស់ ធ្វើការងារ​ស្រែចម្ការ​ជាមួយ​ឳពុកម្តាយ។ ហើយ​ក្រោយមក មក​នៅ​វត្ត ជា​ទំនៀមទម្លាប់ ដើម្បី​រៀនសូត្រ​អក្សរ។
ក្រោយពី​បាន​បួស​អស់​ប៉ុន្មានខែ​មក នៅឆ្នាំ​១៩៣៦ សាឡុត ស ក៏បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា​កាតូលិក​មួយ នៅជិត​ព្រះបរមរាជវាំង។ សិស្ស​នៅ​សាលា​នោះ ច្រើនតែ​ជា​កូន​មន្រ្តី​រាជការ ឬ​អ្នកមាន​ឋានៈ​ធំដុំ ហើយ​ថ្លៃសាលា​នោះ​ទៀតសោត ក៏មាន​តម្លៃ​ខ្ពស់​ដែរ។នៅក្នុង​អំឡុងពេល​នោះ មាន​ព្រឹត្តិការណ៍​មួយចំនួន​បាន​កើតឡើង ដែល​អាច​ជះ​ឥទ្ធិពល​ដល់​គំនិត​របស់ សាឡុត ស ជាពិសេស​គំនិត​បែប​ជាតិនិយម។ទីមួយ នៅពេល​ដែល សាឡុត ស ទើបតែ​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា សឺន ង៉ុកថាញ់ សឹម វ៉ា និង ប៉ាច ឈឿន ដែល​ធ្វើការ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​ក្នុង​ក្រុង​ភ្នំពេញ បាន​ទទួល​ការអនុញ្ញាត​​ពី​អាជ្ញាធរ​បារាំង ឲ្យ​បោះផ្សាយ​​កាសែត​ជា​ភាសា​ខ្មែរ​មួយ​ឈ្មោះ នគរវត្តដែល​ជា​កាសែត​ភាសា​ខ្មែរ​លើក​ដំបូង​បង្អស់​ នៅ​ប្រទេស​កម្ពុជា។ កាសែត នគរវត្ត មាន​ចុះផ្សាយ​នូវ​អត្ថបទ​វិចារណកថា​ជាច្រើន ដែល​បង្ហាញ​ពី​គំនិត​ជាតិនិយម។ សាឡុត ស ដែល​រស់នៅ​ជាមួយ​បង ប្រហែល​ជា​បាន​អាន​កាសែត​នេះ​ជា​ប្រចាំ ពីព្រោះថា បើ​យោងតាម​លោក David Chandler មាឃ និង សួង ដែល​ត្រូវជា​បង​របស់​ សាឡុត ស បាន​ជាវ​កាសែត នគរវត្ត មក​អាន​ជា​ប្រចាំ។​ព្រឹត្តិការណ៍​សំខាន់​មួយទៀត គឺ​នៅពេល​ដែល សាឡុត ស រៀន​ជិត​ចប់​បឋមសិក្សា នៅ​ចន្លោះ​ឆ្នាំ​១៩៤០ និង​ឆ្នាំ​១៩៤១ បារាំង​ដែល​ច្បាំង​ចាញ់​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាម​លោក​លើក​ទីពីរ ក៏​បាន​យល់ព្រម​ឲ្យថៃ​កាត់យក​ទឹកដី​ខេត្ត​បាត់ដំបង និង​សៀមរាប​របស់​ខ្មែរ​ទៅ​គ្រប់គ្រង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​មានកំហឹង​យ៉ាងខ្លាំង។ សូម្បីតែ​ព្រះបាទ មុនីវង្ស ក៏​ខ្ញាល់​នឹង​ការ​បាត់បង់​ទឹកដី​នេះ​យ៉ាងខ្លាំង​ដែរ រហូត​សម្រេច​ព្រះទ័យ​ចាកចេញ​ពី​ព្រះបរមរាជវាំង​ទៅគង់​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​បដិសេធ​ឈប់​និយាយ​ភាសា​បារាំង​រហូត​ដល់​ព្រះអង្គ​ចូល​ទិវង្គត នៅ​ឆ្នាំ១៩៤១។
ទំនងជា​ហេតុការណ៍​ទាំងពីរ​នេះហើយ ដែល​បាន​ជះឥទ្ធិពល​ដល់​គំនិត​របស់​សាឡុត ស ដែល​នៅ​ជា​កុមារ​នៅឡើយ ឲ្យ​មាន​គំនិត​ស្អប់​បរទេស និង​មាន​គំនិត​ជាតិនិយម។
នៅ​ឆ្នាំ​១៩៤២ សាឡុត ស បាន​ជាប់ឈ្មោះ​ក្នុង​ចំណោម​សិស្ស​២០នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅរៀន​នៅ​អនុវិទ្យាល័យ​មួយ​ឈ្មោះ អនុវិទ្យាល័យ​ព្រះសីហនុដែល​បារាំង​ទើបនឹង​បង្កើត​ នៅ​ខេត្ត​កំពង់ចាម។នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ នៅ​ទីក្រុង​ភ្នំពេញ បាតុកម្ម​ដ៏ធំមួយ​ត្រូវបាន​រៀបចំឡើង​ប្រឆាំង​នឹង​បារាំង។ បាតុកម្ម​នេះ​កើតឡើង​ក្រោយពី​អាជ្ញាធរ​បារាំង​បាន​ចាប់ខ្លួន​ព្រះសង្ឃ​ពីរអង្គ គឺ អាចារ្យ​ហែមចៀវ និង នួន ឌួង ដែល​បាន​ទេសនា​ប្រឆាំង​នឹង​បារាំង។ បាតុកម្ម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ សឺន ង៉ុកថាញ់ និង ប៉ាច ឈឿន ហើយ​មាន​អ្នក​ចូលរួម​រាប់ពាន់​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ប្រមាណ​៥០០អង្គ​ផង។ ដោយ​យើង​មិន​ដឹង​ច្បាស់ អំពី​ថ្ងៃ​ដែល សាឡុត ស ចាកចេញ​ពី​ភ្នំពេញ​ទៅ​កំពង់ចាម យើង​មិនអាច​ដឹង​បានទេ​ថា​ តើ​ សាឡុត ស បាន​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ដែរ​ឬ​អត់?
នៅឯ​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម សាឡុត ស បាន​ជួប​ជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែល​រៀន​នៅទីនោះ​ដែរ។ អ្នកទាំងនេះ​សុទ្ធតែ​ជា​កូន​អ្នក​ចេះដឹង ហើយ​សុទ្ធតែ​ជា​អ្នក​រៀនពូកែ ដែល​ក្រោយមក​សុទ្ធតែ​បាន​ក្លាយជា​មេដឹកនាំ​សំខាន់ៗ​របស់​ចលនា​ខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិ​ជិតស្និទ្ធ​បំផុត​របស់ សាឡុត ស នៅ​ពេលនោះ គឺ លន់ ណុន ប្អូនប្រុស​របស់​ លន់ នល់។ ប្រហែលជា​ដោយសារ​តែ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​នេះ​ហើយ បានជា​នៅ​ឆ្នាំ១៩៧៥ លន់ ណុន មិនព្រម​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​មក​ពី​គិតថា ពួក​មេដឹកនាំ​ខ្មែរក្រហម​អាច​យោគយល់​ដល់​មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបាន​ទាហាន​ខ្មែរក្រហម​សម្លាប់​ចោល​ភ្លាមៗ ក្រោយពី​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ។និយាយ​អំពី​អត្តចរិត​របស់ សាឡុត ស វិញ បើ​យោងតាម​សិស្ស​ដែល​រៀន​ជាមួយ សាឡុត ស នៅ​អនុវិទ្យាល័យ​កំពង់ចាម សាឡុត ស គឺជា​មនុស្ស​សាមញ្ញ​ម្នាក់ មិនសូវ​និយាយ​ស្តីច្រើន ចូលចិត្ត​លេង​បាល់ទាត់ និង​បាល់បោះ។ ជា​មនុស្ស​រួសរាយ និង​ចេះ​គួរសម​ ហើយ​ជា​មនុស្ស​មិន​បង្ហាញ​ពី​មហិច្ឆតា​ចង់​ធ្វើអ្វី​ឲ្យបាន​ធំដុំ​នោះទេ។ សាឡុត ស ខ្លួនឯង​ក៏​ធ្លាប់បាន​អះអាង​ស្រដៀងគ្នា​នេះ​ដែរ។
យោងតាម​លោក David Chandler សាឡុត ស រៀន​មិន​ពូកែ​នោះទេ គឺ​រៀន​បាន​ត្រឹមតែ​ជាប់​មធ្យមភាគ​ប៉ុណ្ណោះ ហើយ​ពេលខ្លះ​មិនបាន​ទាំង​ជាប់​មធ្យមភាគ​ផង។
នៅឆ្នាំ១៩៤៧ សាឡុត ស បាន​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​កំពង់ចាម។ ផ្ទុយពី​សិស្ស​រួម​សាលា​មួយចំនួន ដូចជា ខៀវ សំផន ជាដើម ដែល​បាន​ចូលរៀន​នៅ​ វិទ្យាល័យស៊ីសុវត្ថិ ដែល​ជា​វិទ្យាល័យ​ដ៏ល្បីល្បាញ​នៅ​ភ្នំពេញ សាឡុត ស បាន​ទៅ​ចូលរៀន​នៅ​សាលា​បច្ចេកទេស​មួយ នៅ​ក្នុង​ខ័ណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ដោយ​យក​ជំនាញ​ខាង​ជាងដែក។ បើតាម​លោក David Chandler សាឡុត ស ទៅរៀន​នៅ​សាលា​បច្ចេកទេស​នេះ មិនមែន​ដោយសារ​តែ​គាត់​ស្រឡាញ់​ចូលចិត្ត​មុខជំនាញ​នេះ​ទេ ប៉ុន្តែ មកពី​គាត់​ប្រឡង​ចូល​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ជាប់។ទោះជា​មិនបាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក៏ពិតមែន​ តែ​សាឡុត ស បាន​ក្លាយជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​នឹង​សិស្ស​ម្នាក់​មកពី​វិទ្យាល័យ​ស៊ីសុវត្ថិ គឺ អៀង សារី។ យោងតាម​លោក​កេង វណ្ណសាក់ ដែល​ជា​មន្រ្តី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុងពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៤៧។ នៅពេល​នោះ គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជា​ប្រធាន បាន​ទទួល​ជ័យជំនះ​យ៉ាង​លើសលុប ដោយ​ដណ្តើម​បាន ៦០​​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ៧៥ នៅរដ្ឋសភា។
នៅឆ្នាំ​១៩៤៩ សាឡុត ស បាន​ទទួល​អាហារូបករណ៍ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង ផ្នែក​អេឡិចត្រូនិច។ សំណួរ​សួរថា ហេតុអ្វីបានជា សាឡុត ស ដែល​រៀន​មិនសូវ​ពូកែ​ផង តែ​បែរជា​ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប្រទេស​បារាំង​បែបនេះ? នេះ​ប្រហែល​ជាមក​ពី​ហេតុផល​សំខាន់​ពីរ៖ទីមួយ ​នៅពេល​នោះ ក្រសួង​អប់រំ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ឈ្នះឆ្នោត កាលពី​ឆ្នាំ​១៩៤៧។ ប្រហែលជា​ដោយសារតែ សាឡុត ស បាន​ជួយ​ធ្វើការ​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ទើប​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ផ្តល់​អាហារូបករណ៍​ឲ្យ សាឡុត ស បាន​ទៅរៀន​នៅ​បារាំង។
ទី២ នៅពេល​នោះ មិនសូវ​មាន​កូនខ្មែរ​ណា​មាន​ជំនាញ​ខាង​អេឡិចត្រូនិច​ទេ។ ប្រហែលជា​មកពី​ហេតុនេះ​ហើយ​បាន​ជា​ក្រសួង​អប់រំ​បញ្ជូន​ សាឡុត ស ដែល​រៀន​នៅ​សាលា​បច្ចេកទេស​ស្រាប់ ឲ្យ​ទៅ​បន្ត​ការសិក្សា​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច នៅ​ប្រទេស​បារាំង។
ទោះជា​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ សាឡុត ស បាន​កា្លយជា​សិស្ស​មួយរូប ក្នុង​ចំណោម​សិស្ស​ពូកែ​ទាំង​២១រូប ដែល​ត្រូវបាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៤៩។ គឺ​នៅ​ប្រទេស​បារាំង​នោះហើយ ដែល សាឡុត ស បាន​ក្លាយទៅជា​ជន​កុម្មុយនិស្ត៕

ไม่มีความคิดเห็น:

แสดงความคิดเห็น